khmerforkhmernet

ខ្មែររួបរួមគ្នាដើម្បីកសាងសង្គមជាតិដ៏ល្អប្រសើរមួយសំរាប់ខ្មែរគ្រប់គ្នា


Leave a comment

ទស្សនទានស្តីអំពីយុទ្ធសាស្រ្តកសាងសង្គមប្រជាធិបតេយ្យ

ទស្សនទានស្តីអំពីយុទ្ធសាស្រ្តកសាងសង្គមប្រជាធិបតេយ្យ

សង្គមប្រជាធិបតេយ្យ ជាសង្គមដែលប្រជាពលរដ្ឋ និងតំណាងប្រជាពលរដ្ឋ ចូលរួមដោយសេរី និងគ្មានការភ័យខ្លាច ក្នុងកិច្ចការនយោបាយ ដើម្បីធ្វើយ៉ាងណាឲ្យរដ្ឋាភិបាល (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) ធ្វើការបំរើផលប្រយោជន៍ ប្រជាពលរដ្ឋគ្រប់ៗគ្នា និងផលប្រយោជន៍ជាតិទាំងមូល។ នៅក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ ប្រជាពលរដ្ឋជា អ្នកកំណត់នូវជោគវាសនាប្រទេសជាតិ  មិនមែនបណ្តោយឲ្យបុគ្គលមួយ ឬ មួយក្រុម ជាអ្នកសម្រេចលើជោគវាសនា របស់ប្រជាពលរដ្ឋ និងប្រទេសជាតិទេ។

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសង្គមជាធិបតេយ្យមានដូចជា៖

១. ការចូលរួមនូវគំនិតយោបល់អំពីដំណោះស្រាយបញ្ហាសង្គម និងរបៀបដឹកនាំ ដើម្បីដោះស្រាយបញ្ហាទាំងនេះ

២. ការចូលរួមធ្វើការជ្រើសរើសតំណាង និងអ្នកដឹកនាំ ដែលមានគុណសម្បត្តិល្អ ដើម្បីធ្វើការបំរើប្រជាពលរដ្ឋ និងបំរើជាតិ

៣. ចូលរួមជាធនធាន (ឧទាហរណ៍បង់ពន្ធដា បដិភាគ វិភាគទាន និងកំលាំងពលកម្ម)

៤. ចូលរួមតាមដានឃ្លាំមើល និងវាយតម្លៃលើគុណភាពនៃការដឹកនាំ របៀបដឹកនាំ ដើម្បីធានាឲ្យតំណាង និងអ្នកដឹកនាំមាន គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់។

៥. ចូលរួមអប់រំ និងជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងស្ត្រីចូលរួមឲ្យបានច្រើនក្នុងកិច្ចការនយោបាយ ដើម្បីឲ្យកិច្ចការនយោបាយ ក្លាយជារឿងធម្មតារបស់ប្រជាពលរដ្ឋ គ្រប់រូប និងគ្រប់ជំនាន់។

ដើម្បីឲ្យប្រជាពលរដ្ឋចូលរួម ប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចការ នយោបាយ ដើម្បីកសាងសង្គមប្រជាធិបតេយ្យ បានល្អប្រសើរ ក្រុមការងារ “ខ្មែរដើម្បីខ្មែរ” បាននឹងកំពុងរៀបចំនូវយន្តការ និងប្រព័ន្ធដូចខាងក្រោម នេះ៖

១. ការសម្របសម្រួលឲ្យមានសម្ព័ន្ធភាពបណ្តាញតាមវិស័យដែលមានឥទ្ធិពលលើគណបក្សនយោបាយ អ្នករៀបចំគោលនយោបាយ និងអ្នកនយោបាយ ដើម្បធ្វើការដោះស្រាយបញ្ហារបស់ ប្រជាពលរដ្ឋ ទៅតាមវិស័យនីមួយៗ ឲ្យបានសមស្របទៅតាមតម្រូវការជាក់ស្តែង។ សមាជិករបស់សម្ព័ន្ធភាព បណ្តាញតាមវិស័យ ជាចលនាអង្គការសង្គមស៊ីវិលមួយ ដែលមានដូចជាបណ្តាញ កសិករ កម្មករ យុវជន ស្រ្តី អាជីវករ បញ្ញាវន្ត គ្រូបង្រៀន ព្រះសង្ឃ ជនជាតិដើមភាគតិច ។ល។

២. ការពង្រឹងប្រជាធិបតេយ្យមូលដ្ឋាន តាមរយៈការគាំទ្រលើការ ពង្រឹងសមត្ថភាពប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងការរៀបចំជា បណ្តាញមូលដ្ឋាន (ជាពិសេសតាមឃុំ សង្កាត់) ដើម្បីចូលរួមក្នុង កិច្ចការនយោបាយ អភិវឌ្ឍមូលដ្ឋាន។ បណ្តាញតាមមូលដ្ឋាននីមួយៗនឹងបង្កើតគណបក្សមូលដ្ឋាន ដែលជាគណបក្សរបស់ អ្នកមូលដ្ឋានបង្កើតដឹកនាំ ទ្រទ្រង់ ដោយអ្នកមូលដ្ឋាន ដើម្បីធ្វើការបម្រើផលប្រយោជន៍មូលដ្ឋានទាំងមូល។ គណបក្សមូលដ្ឋាន ទាំងអស់នឹងចងគ្នាជាសម្ព័ន្ធភាពមួយ ដែលមានឈ្មោះ ផ្លាកសញ្ញា គុណតម្លៃរួម និងគោលការណ៍រួម ដើម្បីចូលរួមបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ ២០១៧ខាងមុខនេះ។ គណបក្សមូលដ្ឋាន នីមួយៗ ធ្វើការគ្រប់គ្រងជាលក្ខណៈស្វ័យភាព ដោយមានប្រធាន និងគណៈកម្មាធិការដឹកនាំ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ប្រធានសម្ព័ន្ធគណបក្សមូលដ្ឋាន មានសិទ្ធអំណាច និងតួនាទី គ្រាន់តែជាតំណាងអ្នកសម្របសម្រួល អ្នកផ្តល់យោបល់ អ្នកចូលរួមដោះស្រាយបញ្ហា និងអ្នកជួយរក ធនធានគាំទ្របន្ថែម ដោយមិនមានសិទ្ធអំណាចបញ្ជា និងចាត់ចែងកិច្ចការរបស់គណបក្សមូលដ្ឋានទេ។ យើងគ្រោងរៀបចំឲ្យមានសម្ព័ន្ធភាពគណបក្សមូលដ្ឋាន ដែលចាប់ផ្តើមពីគណបក្សមូលដ្ឋានចំនួន ១០ ក្នុងរយៈពេល ៣ ទៅ ៦ខែ ក្នុងដើមឆ្នាំ ២០១៥ខាង មុខនេះ។

៣. ធ្វើការសម្របសម្រួលរវាងបណ្តាញពហុវិស័យ ឬក្រុមផល-ប្រយោជន៍ និងសម្ព័ន្ធគណបក្សមូលដ្ឋាន ដើម្បីក្លាយជាកម្លាំងចលករមួយប្រកបដោយថាមពល ដើម្បីធានាឲ្យបានក្នុងការសម្រេចនូវគោលបំណង សំខាន់ៗ ដូចខាងក្រោមនេះ

  • ប្រជាពលដ្ឋមានការចូលរួមកាន់តែច្រើន ក្នុងកិច្ចការ នយោបាយមូលដ្ឋាន និងថ្នាក់ជាតិ
  • គណបក្សនយោបាយត្រូវអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស
  • អភិបាលកិច្ចមូលដ្ឋានល្អ តាមបែបប្រជាធិបតេយ្យ
  • រដ្ឋាភិបាលថ្នាក់ជាតិធានាឲ្យមានការធ្វើវិមជ្ឈការឲ្យបាន ពេញលេញដល់រដ្ឋបាលមូលដ្ឋាន រួមទាំង សិទ្ធិអំណាច និងការប្រមូល និងគ្រប់គ្រងពន្ធដារនិងចំណូលផ្សេងៗតាមមូលដ្ឋាន
  • រដ្ឋាភិបាលថ្នាក់ជាតិធ្វើការកែទំរង់អភិបាលកិច្ច តាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ

ជារួម តាមរយៈយន្តការ និងប្រព័ន្ធដូចរៀបរាប់ខាងលើ យើងជឿជាក់ថានឹងមានប្រជាពលរដ្ឋខ្មែរច្រើនឡើងៗ និងចូលរួមក្នុងកិច្ចការនយោបាយ ហើយមនុស្សល្អៗនឹងក្លាយជាអ្នកនយោបាយធ្វើការបំរើប្រជាពលរដ្ឋ និង ប្រទេសជាតិ ដែលនាំឲ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាប្រទេសគំរូខាងប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។​


Leave a comment

ភាពខុសគ្នារវាងការដឹកនាំបែបផ្តាច់ការនិងប្រជាធិបតេយ្យ

នៅក្នុងការអភិវឌ្ឃន៍សង្គមប្រជាធិបតេយ្យយើងត្រូវយកចិត្តទុកដាក់លើសមាសធាតុសំខាន់បួន៖ ប្រជាពលរដ្ឋ អ្នកដឹកនាំនយោបាយ គណបក្សនយោបាយ និងប្រព័ន្ធដឹកនាំរដ្ឋ។ នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យបែបសភានិយមដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើសរើសនិងផ្តល់សេចក្តីទុកចិត្តដល់គណបក្សនយោបាយដើម្បីឲ្យទៅរៀបចំចាត់ចែងប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ។ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើសេចក្តីសំរេចចិត្តបានត្រឹមត្រូវក្នុងនាមជាប្រជាពលរដ្ឋល្អ មានការទទួលខុសត្រូវនិងចូលរួមតាមដានព្រមទាំងដាក់សំពាធដល់អ្នកនយោបាយ ប្រជាពលរដ្ឋចាំបាច់ត្រូវយល់ដឹង ព្រមទាំងចេះសង្កេតអំពីភាពខុសគ្នា នៃលក្ខណៈសម្បត្តិអ្នកដឹកនាំនយោបាយបែបប្រជាធិបតេយ្យ គោលការណ៏ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស និងការដឹកនាំរដ្ឋបែបប្រជាធិបតេយ្យ ដែលខុសគ្នាពីលក្ខណៈសម្បត្តិអ្នកដឹកនាំនយោបាយបែបផ្តាច់ការ គោលការណ៏គណបក្សដែលគ្មានប្រជាធិបតេយ្យផ្ទៃក្នុង និងការដឹកនាំរដ្ឋបែបអំណាចប្រមូលផ្តុំ។

. ភាពខុសគ្នានៃលក្ខណៈសម្បត្តិអ្នកដឹកនាំនយោបាយបែបផ្តាច់ការនិងប្រជាធិបតេយ្យ

បែបផ្តាច់ការ បែបប្រជាធិបតេយ្យ
១. សុចរិតភាពទាប៖ ចូលចិត្តនិយាយអ្វីដែលទាក់ទាញតែប្រជាប្រិយភាព រក្សាអំណាច ឬស្វែងរកអំណាច លាបសក្ការៈ ទោះបីជាត្រូវកុហកប្រជាពលរដ្ឋក៏ដោយ។ ពួកគាត់ចូលចិត្តធ្វើសេចក្តីសម្រេចចិត្តដើម្បីប្រយាជន៏ផ្ទាល់ខ្លួនជាធំ ហើយថែមទាំងព្យាយាមនិយាយពន្យល់ភូតកុហកនូវទង្វើរបស់ខ្លួន។ មិនគោរពពាក្យសន្យាដែលបានប្រកាសជាសាធារណៈជាមួយប្រជាពលរដ្ឋ។ ១. សុចរិតភាពខ្ពស់៖ មានភាពស៊ីសង្វាក់គ្នាខ្លាំងរវាងពាក្យសំដី និងទង្វើរបស់គាត់។  អ្នកដឹកនាំបែបនេះតែងគោរពពាក្យសន្យា និយាយយ៉ាងណាធ្វើយ៉ាងនោះ ចេះទទួលកំហុស មិននិយាយកុហកបោកប្រាស។ ភាសាចាស់បុរាណច្រើននិយាយថា “ហ៊ានថាហ៊ានធ្វើហ៊ានទទួលខុសត្រូវ”។ ពួកគាត់តែងមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ គាត់មិនយកការទុកចិត្តរបស់ប្រជាពលរដ្ឋទៅដោះដូរដើម្បីអំណាចលាបសក្ការះផ្ទាល់ខ្លួនឡើយ។ ពួកគាត់និយាយស្មោះត្រង់ ការពិតជាមួយពលរដ្ឋនូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន។
២. ជាចៅហ្វាយនាយផ្តល់គំរូមិនល្អ៖ ជាអ្នកដឹកនាំដែលចូលចិត្តតាំងខ្លួនជាចៅហ្វាយនាយ ចូលចិត្តសំឡុត គំរាមនិងទិញទឹកចិត្ត ដែលគិតតែប្រយោជន៏ផ្ទាល់ខ្លួននិងក្រុមគ្រួសារ មានភាពអត្មានិយមខ្លាំងបង្ហាញគំរូមិនល្អជាច្រើន ដូចជាការថែរក្សានិងពង្រឹងអំណាច ដណ្តើមអំណាច ដឹកនាំបែបគ្រួសារនិយមនិងបក្សពួកនិយម លក់ទ្រព្យសម្បត្តិជាតិដោយមិនពិចារណាពីផលប៉ះពាល់វែងឆ្ងាយដល់សង្គម បរិស្ថាន និងអ្នកជំនាន់ក្រោយ។ បើបានកាន់កាប់តួនាទីណាហើយគឺចង់កាន់កាប់មួយជីវិត។ ២. ជាអ្នកបំរើផ្តល់គំរូនៃការលះបង់៖ តែងមានស្មារតីជាអ្នកបំរើសហការីដែលគាត់ធ្វើការជាមួយ។ គាត់តែងមានចិត្តចង់ជួយអ្នកដ៏ទៃឲ្យសំរេចគោលដៅល្អៗ ជាពិសេសគាត់តែងផ្តល់គំរូនៃការលះបង់ដូចជាហ៊ានលះបង់អំណាចឬតួនាទីក្រោយការកាន់កាប់តួនាទីក្នុងរយះពេលកំណត់មួយ (មិនធ្វើនាយករដ្ឋមន្រ្តីឬមេបក្សមួយជីវិត)។ មានជាឧទាហរណ៏ដូចជា លោកហ្សក វ៉ាស៊ីនតោន ប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិកបានបង្កើតប្រព័ន្ធដឹកនាំប្រទេសបែបប្រធានាធិបតីដោយបោះឆ្នោតហើយមានអណត្តិ ហើយចាកចេញពីអំណាចបន្ទាប់ពីធ្វើប្រធានាធិបតីបានពីរអណត្តិ បើទោះបីគាត់អាចធ្វើប្រធានាធិបតីមួយជីវិតក៏ដោយ។
៣. ពុំមានទស្សនវិស័យវែងឆ្ងាយ៖ យកចិត្តទុកដាក់ជាសំខាន់តែពីការថែរក្សានិងពង្រឹងអំណាចឬត្រឹមតែទៅដណ្តើមអំណាចប៉ុណ្ណោះ។ ពួកគាត់ច្រើនធ្វើសេចក្តីសម្រេចចិត្ត រៀបចំប្រព័ន្ធដឹកនាំបក្សនិងរដ្ឋដើម្បីប្រយាជន៏ផ្ទាល់ខ្លួន ក្រុមគ្រួសារនិងបក្សពួក ហើយមិនយកចិត្តទុកដាក់ដល់ការរៀបចំប្រព័ន្ធដើម្បីប្រយាជន៏ជាតិវែងឆ្ងាយទេ។ ការធ្វើសេចក្តីសម្រេចចិត្តលើគោលនយោបាយអភិវឌ្ឍជាតិ ឬអភិវឌ្ឍបក្ស មិនបានយកចិត្តទុកដាក់ពីផលបះពាល់វែងឆ្ងាយដល់មនុស្សជំនាន់ក្រោយទេ ច្រើនគិតតែផលប្រយោជន៏រយះពេលខ្លី ហើយជាផលប្រយោជន៏ផ្ទាល់ខ្លួនទៀតផង។ ៣. មានទស្សនវិស័យវែងឆ្ងាយ៖ មានការសំឡឹងមើលបានវែងឆ្ងាយពីការអភិវឌ្ឍប្រទេសជាតិ ហើយធ្វើការសម្រេចចិត្តក្នុងទិសដៅវែងឆ្ងាយដោយគិតដល់ផលប៉ះពាល់និងអ្នកជំនាន់ក្រោយ។ ពួកគាត់គិតពីការរៀបចំប្រព័ន្ធគ្រប់គ្រងប្រទេសនិងបក្សនយោបាយបែបប្រជាធិបតេយ្យសំរាប់អ្នកជំនាន់ក្រោយ មាននយោបាយអភិវឌ្ឍប្រទេសដែលយកចិត្តទុកដាក់លើចីរភាព ដូចជានយោបាយគ្រប់គ្រងធនធានធម្មជាតិ និងមានការត្រៀមរៀបចំសង្គមសំរាប់អនាគតវែងឆ្ងាយដើម្បីកាត់បន្ថយហានិភ័យជាតិធំៗ ដូចជាភាពវឹកវរ វិបត្តសង្គម បាត់បង់ឯករាជ្យភាពជាតិ ភាពអត់ឃ្លាន និងខ្វះអ្នកបន្តវេន។
៤. បណ្តុះតែអ្នកដើរតាម៖ អ្នកដឹកនាំនយោបាយបែបផ្តាច់ការចូលចិត្តជ្រើសរើសមនុស្សខាងក្រោម ឲ្យដើរតាមខ្លួន ស្តាប់តែបង្គាប់ខ្លួន និងចូលចិត្តការបញ្ជោរបញ្ចើចបញ្ចើរ ឬលើកជើងពីអ្នកខាងក្រោម។ គាត់ចូលចិត្តនយោបាយប្រជាភិថុត បណ្តុះឲ្យមនុស្សដើរតែតាមគាត់ ហើយឲ្យគិតប្រយោជន៏ផ្ទាល់ខ្លួនជាធំ។  គាត់ខំប្រឹងតែធ្វើយ៉ាងណាឲ្យអ្នកដ៏ទៃជួយឲ្យគាត់ល្បីឈ្មោះ ពង្រឹងពង្រីកអំណាចនិងមុចមាត់របស់គាត់តែប៉ុណ្ណោះ។ ការដឹកនាំរបស់គាត់ធ្វើយ៉ាងណាឲ្យអ្វីៗពឹងពាក់តែទៅលើគាត់ បើអត់ពីគាត់គឺពុំអាចទៅរួច។ បើមានការតែងតាំងតួនាទីវិញ គាត់យកចិត្តទុកដាក់តែកូនចៅក្រុមគ្រួសារញ្ញាតិមិត្ត ឬបក្សពួកដែលចាំស្តាប់តែបញ្ជាគាត់ប៉ុណ្ណោះ ជាជាងការសំឡឹងឃើញអ្នកមានសមត្ថភាពពិត ហើយហ៊ានតិះទៀនគាត់ដើម្បីភាពប្រសើរឡើង។ ៤. បណ្តុះអ្នកដឹកនាំឲ្យបានច្រើន៖ អ្នកដឹកនាំនយោបាយបែបប្រជាធិបតេយ្យតែងមានស្មារតីអប់រំនិង      បណ្តុះមនុស្សជាច្រើនទៀតឲ្យក្លាយជាអ្នកដឹកនាំល្អដើម្បីជួយបំពេញការងារដោយចេះយល់ដឹង ពិចារណា និងធ្វើសេចក្តីសម្រេចចិត្តត្រូវដោយខ្លួនឯង។ ពួកគាត់យកចិត្តទុកដាក់ លើកទឹកចិត្តនិងអភិវឌ្ឍអ្នកនៅក្បែរខ្លួនឲ្យក្លាយជាអ្នកដឹកនាំល្អចេះគិតប្រយោជន៏ជាតិ ប្រជាជនជាធំ ដោយមិនភ័យខ្លាចពីការប្រណាំងប្រជែងដណ្តើមតួនាទីឬកិត្តិនាមពីគាត់ឡើយ។ បន្តែមពីនេះពួកគាត់យកចិត្តទុកដាក់បង្កើតយន្តការបណ្តុះអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិនិងវិស័យផ្សេងៗឲ្យក្លាយជាអ្នកដឹកនាំដ៏ឈ្លាសវៃមិនចាំបាច់រង់ចាំបញ្ជាពីថ្នាក់លើក្នុងការដោះស្រាយបញ្ហានានានៅមូលដ្ឋានឬតាមវិស័យផ្សេងៗឡើយ។ ជាពិសេសបណ្តុះយុវជនឲ្យក្លាយជាអ្នកដឹកនាំល្អ សំរាប់បន្តវេនជាទំពាំងស្នងឫស្សី។
៥. មិនចូលចិត្តស្តាប់អ្នកដ៏ទៃ៖ អ្នកដឹកនាំផ្តាច់ការមិនចូលចិត្តស្តាប់គំនិតយោបល់អ្នកដ៏ទៃទេ ជាពិសេសគំនិតយោបល់ដែលខុសពីខ្លួនគិត ឬបែបតិះទៀន។ ពួកគាត់ចូលចិត្តតែគំនិតយោបល់បែបកោតសរសើរ ហើយចូលចិត្តធ្វើការសម្រេចចិត្តបែបអត្ថនោម័ត ដោយគិតថាគាត់ចេះដឹងជាងគេ។ ៥. ចេះស្តាប់អ្នកដ៏ទៃ៖ អ្នកដឹកនាំនយោបាយកាលណាឈរនៅទីតាំងកាន់តែខ្ពស់កាន់តែត្រូវការនូវគំនិតយោបល់ល្អៗពីអ្នកដ៏ទៃ។ អ្នកដឹកនាំបែបប្រជាធិបតេយ្យគឺជាអ្នកដែលចេះស្តាប់និងប្រមូលយកយោបល់ល្អៗពីពលរដ្ឋ បញ្ញវន្ត និងអ្នកនៅជុំវិញខ្លួនដើម្បីធ្វើសេចក្តីសម្រេចចិត្តត្រូវ មិនមានមានអត្តចរិកគិតថាអញចេះជាងគេឬដឹងជាងគេហើយធ្វើសេចក្តីសម្រេចចិត្តបែបអន្ថោម័តនោះទេ។ ជាពិសេសក្នុងការបំពេញការងារគាត់ចូលចិត្តគោរពការធ្វើសេចក្តីសម្រេចចិត្តរួមជាក្រុម ដោយមិនធ្វើសេចក្តីសម្រេចចិត្តតែឯកឯងទេ។

២. ភាពខុសគ្នានៃគោលការណ៏ដឹកនាំគណបក្សបែបផ្តាច់ការនិងប្រជាធិបតេយ្យផ្ទៃក្នុង

គោលការណ៏បែបផ្តាច់ការ គោលការណ៏បែបប្រជាធិបតេយ្យ
១. មេបក្សជាធំ៖ ពង្រឹងតែមុខមាត់ និងប្រជាប្រិយភាព របស់បុគ្គលជាមេបក្ស ដោយមិនយកចិត្តទុកដាក់លើកកំពស់ ឬឲ្យតំលៃការងារជាក្រុម។ ១. ក្រុមការងារជាធំ៖ ពង្រឹងសមត្ថភាព​និងឲ្យតំលៃលើបុគ្គលច្រើនរូប ដែលមានស្នាដៃនិងកេរ្តិ៍ឈ្មោះល្អតាមមូលដ្ឋាន និងតាមវិស័យនានា នៅទូទាំងប្រទេស ដោយឲ្យពួកគាត់ចេះធ្វើការជាក្រុម។
២. អំណាចប្រមូលផ្តុំ៖ ប្រមូលផ្តុំអំណាចតែនៅថ្នាក់លើ ដើម្បីពង្រឹងអំណាច របស់បុគ្គល គ្រួសារ និងបក្សពួកខ្លួន។ ប្រើប្រាស់អំណាចដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ២. វិមជ្ឈការអំណាច៖ ដឹកនាំតាមបែបប្រជាធិបតេយ្យផ្ទៃក្នុង និងធ្វើវិមជ្ឈការអំណាចទៅឲ្យក្រុមការងារជាច្រើន ក៏ដូចជាទៅមូលដ្ឋានពិតប្រាកដ។
៣. សម្រេចចិត្តលើមេបក្ស៖ មេបក្សជាអ្នកជ្រើសរើសយកបេក្ខជនឈរឈ្មោះជាតំណាងរាស្រ្ត ក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកខណ្ឌ ខេត្តក្រុង ដោយឈរលើគោលការណ៏គ្រួរសារ បក្សពួកនិយម លុយកាក់ជាធំ ជាជាងជ្រើសរើសអ្នកមានសមត្ថភាពពិត ដោយមានការគោរពស្រឡាញ់និងគាំទ្រពីប្រជាពលរដ្ឋ ឬសមាជិករបស់បក្ស។ ៣. សម្រេចចិត្តតាមយន្តការ៖ មានយន្តការជ្រើសរើសដោយតម្លាភាពនិងយុត្តិធម៏ ចំពោះរចនាសម្ព័ន្ធដឹកនាំបក្ស ក៏ដូចជាបេក្ខជនឈរឈ្មោះជាតំណាងរាស្រ្ត ក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក/ខណ្ឌ ខេត្ត/ក្រុង។ អ្នកមានសមត្ថភាព និងមានការគោរពស្រឡាញ់គាំទ្រពីសមាជិកត្រូវបានជ្រើសរើសជាតំណាងប្រជាពលរដ្ឋក្នុងការបំពេញភារកិច្ចក្នុងការងារដឹកនាំបក្ស។
៤. មិនឈរលើគោលការណ៍៖ គ្មានគោលការណ៍យុទ្ធសាស្រ្ត និងគោលជំហរនយោបាយ ច្បាស់លាស់ ក្នុងការត្រៀមខ្លួនឈ្នះ និងត្រៀមខ្លួន ដឹកនាំប្រទេសនៅពេលឈ្នះ (គណបក្សប្រឆាំង) ឬគ្មានគោលនយោបាយវែងឆ្ងាយក្នុងការអភិវឌ្ឍជាតិដោយចីរភាព ដោយគិតដល់អ្នកជំនាន់ក្រោយ (គណបក្សកាន់អំណាច)។ ធ្វើការសម្រេចចិត្តតាមកាលៈទេសៈ តាមការនឹកឃើញរបស់មេដឹកនាំ។ ៤. ឈរលើគោលការណ៍៖ មានគោលការណ៍និងប្រព័ន្ធដឹកនាំរឹងមាំ ចក្ខុវិស័យវែងឆ្ងាយ យុទ្ធសាស្រ្តច្បាស់លាស់ និងធនធានមនុស្ស គ្រប់គ្រាន់ សំរាប់ចូលរួមដឹកនាំ និងកសាងជាតិ។ ការសម្រេចចិត្តធំៗផ្អែកលើគោលការណ៍ជាត្រីវិស័យ មិនមែនបែបដោយមេបក្សទេ។
៥. មិនគិតគូរដល់ការបន្តវេន៖ ចាត់ទុកកម្លាំងយុវជន គ្រាន់ជាឈ្នាន់ ដើម្បីស្វែងរកនិងការពារប្រជាប្រិយភាពបុគ្គលជាមេបក្ស និងអ្នកនយោបាយជាន់ខ្ពស់។ មិនផ្តល់ឪកាសដល់យុវជនសំរាប់ត្រៀមឈានទៅកាន់ការងារដឹកនាំបក្ស។ ៥. មានផែនការបន្តវេន៖ ចាត់ទុកយុវជនជាកម្លាំងស្នូល ដែលមានសក្ដានុពលបំផុតសម្រាប់បន្តវេន និងមានរចនាសម្ព័ន្ធ ឯករាជ្យដាច់ដោយឡែក និងជាស្លាបរបស់គណបក្ស។ ផ្តល់ឪកាសដល់យុវជនសំរាប់រៀនសូត្រនិងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំ។

 

. ភាពខុសគ្នានៃប្រព័ន្ធដឹកនាំរដ្ឋបែបអំណាចប្រមូលផ្តុំ និងបែបប្រជាធិបតេយ្យ៖

 

អំណាចប្រមូលផ្តុំ បែបប្រជាធិបតេយ្យ
១. គ្មានតុល្យភាពអំណាច៖ អំណាចប្រមូលផ្តុំទៅលើតែនាយករដ្ឋមន្រ្តី ដោយគ្មានការបែងចែកដាច់ពីគ្នានៃអំណាចនិតិបញ្ញត្តិ (រដ្ឋសភា) និតិប្រតិបត្តិ (រដ្ឋាភិបាល) និងតុលាការ។ តុលាការនិងកងកំលាំងប្រដាប់អាវុធមិនឯករាជ្យ អព្យាក្រិត ស្ថិតក្រោមឥទ្ធិពលអ្នកមានអំណាច។ ១. មានតុល្យភាពអំណាច៖ មានការបែងចែកអំណាចច្បាស់លាស់នៃ អំណាចទាំងបីគឺនិតិប្រតិបត្តិ បញ្ញត្តិ និងតុលាការនិងមានយន្តការត្រួតពិនិត្យគ្នាទៅវិញទៅមក។ តុលាការនិងកងកំលាំងប្រដាប់អាវុធស្ថិតនៅឯករាជ្យ អព្យាក្រិត ជារបស់ជាតិ មិនមែនរបស់បក្ស នយោបាយ ឬអ្នកមានអំណាចទេ។
២. រដ្ឋាភិបាលកណ្តាលធំ៖ អំណាចរបស់រដ្ឋាភិបាលថ្នាក់ជាតិមាន អំណាចធំខ្លាំង មានអ្នកធំច្រើន ពុករលួយជាប្រព័ន្ធ បក្សពួក គ្រួសារនិយម និងប្រមូលផ្តុំធនធាន លើកណ្តាប់ដៃ អ្នកធំមួយក្រុមតូចនៅថ្នាក់ជាតិ។ អំណាចនេះត្រូវបានយកទៅប្រើប្រាស់ជាប្រយាជន៏បុគ្គល គ្រួសារ និងបក្សពួក។ ២. រដ្ឋាភិបាលកណ្តាលតូច៖ អំណាចរបស់រដ្ឋាភិបាលថ្នាក់ជាតិត្រូវកាត់បន្ថយ កាត់បន្ថយចំនួនក្រសួង ចំនួនអ្នកធំតាមក្រសួង និងផ្ទេរនូវសិទ្ធិអំណាច និងធនធានដល់ថ្នាក់ក្រោមជាតិ។ ជំរុញឲ្យមានការអនុវត្ត គោលការណ៍អភិបាលកិច្ចល្អ ជាពិសេសការបោសសំអាតអំពើពុករលួយ បក្សពួក និងគ្រួសារនិយមចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោមជាតិ។
៣. សហការបែបបង្ខំ៖ មិនសូវឲ្យតម្លៃ និងធ្វើការសហការដោយ សុចរិតជាមួយអង្គការសង្គមស៊ីវិល និងអង្គការសហគម និងវិស័យឯកជន ជាពិសេស សហគ្រាស ខ្នាតតូច និងមធ្យម។ ចូលចិត្តវិធីសាស្រ្តបែបបង្ខំ ឬគំរាម។ ៣. សហការបែបសំរបសំរួល៖ រដ្ឋាភិបាលដើរតួនាទីជាអ្នកសម្របសម្រួល និងផ្តល់ឪកាស ក៏ដូចជាធ្វើការគាំទ្រដោយប្រសិទ្ធភាពដល់វិស័យឯកជន អង្គការសង្គមស៊ីវិល និងអង្គការសហគមផ្សេងៗ។
៤. គ្មានតម្លាភាព៖ ការគ្រប់គ្រងថវិការដ្ឋ និងធនធានធម្មជាតិ ពុំមានតម្លាភាព បណ្តាលឲ្យមានអំពើពុករលួយរាលដាល និងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ផ្តល់ផលប្រយាជន៏តែមនុស្សមួយក្តាប់តូច។ ពលរដ្ឋពុំអាចទទួលពត៌មានពីការចាយវាយថវិការដ្ឋ ចំណូលចំណាយ និងការខ្ចីបុលបរទេស។ ៤. មានតម្លាភាព៖ ការគ្រប់គ្រងថវិការរដ្ឋមានគោលការណ៏ តម្លាភាពច្បាស់លាស់ ទប់ស្កាត់នូវអំពើពុករលួយ។​ ការគ្រប់គ្រងធនធានធម្មជាតិមានចីរភាព ហើយការធ្វើសេចក្តីសំរេចចិត្តប្រើប្រាស់មានការពិគ្រោះយោបល់ជាមួយ ព្រមទាំងផ្តល់សំណងសមស្របដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ពលរដ្ឋអាចទទួលពត៌មានផ្សេងៗទាក់ទងនិងថវិការរដ្ឋ។
៥. សេវាសាធារណៈខ្សោយ៖ រដ្ឋាភិបាលមិនបានបំពេញតួនាទីល្អ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេស សេវាអប់រំ សុខាភិបាល ប្រព័ន្ធសុខមាលភាពសង្គម សំរាប់អ្នកក្រីក្រ និងក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះ។ ៥. សេវាសាធារណៈមានគុណភាព៖ រដ្ឋាភិបាលមានកាព្វកិច្ចក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព និង ការទទួលខុសត្រូវ ជាពិសេស ធានាថា ប្រជាពលរដ្ឋងាយរងគ្រោះទទួលបាននូវការអប់រំ និងសេវាសុខាភិបាលប្រកបដោយគុណភាព និងសេវាសាធារណៈចាំបាច់ផ្សេងៗទៀត។


Leave a comment

គោលការណ៍អប្បបរិមារបស់ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស

គោលការណ៍អប្បបរិមារបស់ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស

កន្លងមក ក្រុមការងារបណ្តាញខ្មែរដើម្បីខ្មែរ បានរៀបចំនូវសេចក្តីពង្រាងអំពីគោលការណ៍ ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ដោយមានសូចនាករ ចំនួន ១១ចំណុច។ ដើម្បីបង្ករឲ្យប្រជាពលរដ្ឋ ដែលចាប់អារម្មណ៍ក្នុងកិច្ចការគណបក្សនយោបាយ យើងបានជ្រើសរើសយក គោលការណ៍សំខាន់ៗបំផុតចំនួន ៣ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើការវាយតម្លៃលើគុណភាព ប្រជាធិបតេយ្យរបស់គណបក្សដែលខ្លួនស្រលាញ់។ គុណភាពប្រជាធិបតេយ្យ គឺអាស្រ័យលើកម្រិតនៃការចូលរួមរបស់ប្រជាពលរដ្ឋ មានន័យថា ប្រជាពលរដ្ឋចូលរួមបានកាន់តែច្រើន និងប្រកបដោយប្រសិទ្ធិភាព នោះគុណភាពប្រជាធិបតេយ្យក៏កាន់តែខ្ពស់។ ខាងក្រោមនេះគឺជាតារាងដើម្បីជាជំនួយក្នុងការវាយតម្លៃ គុណភាពប្រជាធិបតេយ្យរបស់គណបក្សដែលខ្លួនស្រលាញ់៖

Screenshot 2014-11-20 10.56.43


Leave a comment

ភាពជាអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យ

ភាពជាអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យ

ការដឹកនាំជាកត្តាសំខាន់បំផុតមួយដែលកំណត់ជោគជ័យឬបរាជ័យរបស់សហគមន៏ ស្ថាប័នអង្គការ ឬប្រទេសជាតិ។ លោកយ៉ន ម៉ាក្សវែល អ្នកឯកទេសដ៏ល្បីនៃភាពជាអ្នកដឹកនាំបាននិយាយថា “អ្វីៗទាំងអស់ងើបឡើង​ ឬធ្លាក់ចុះដោយសារតែភាពជាអ្នកដឹកនាំ”។ ប្រវត្តិសាស្រ្តនៃជាតិនិមួយៗបានបញ្ជាក់ម្តងហើយម្តងទៀតថានៅពេលដែលមានអ្នកដឹកនាំល្អមកដឹកនាំ ជាតិមួយនោះបានសុខ រុងរឿង ថ្កុំថ្កើន។ ផ្ទុយទៅវិញនៅពេលដែលមានអ្នកដឹកនាំមិនល្អមកកាន់ចង្កូតប្រទេសជាតិ ប្រទេសនោះតែងជួបការចលាចល ភាពវឹកវរ មហន្តរាយ អត់ឃ្លាន និងបង្កទុក្ខលំបាកជាច្រើនដល់ប្រជារាស្រ្ត។

នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកដឹកនាំប្រទេសត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋតាមរយះការបោះឆ្នោត ហេតុដូច្នេះហើយជាការសំខាន់ណាស់ដែលប្រជាពលរដ្ឋត្រូវយល់ដឹង និងចេះកត់សំគាល់ពីលក្ខណះសម្បត្តិរបស់អ្នកដឹកនាំល្អ ដើម្បីពួកគេអាចសម្រេចចិត្តជ្រើសរើសត្រូវពេលបោះឆ្នោតម្តងៗ។

នៅក្នុងប្រទេសកម្ពុជាដែលបានកំពុងខិតខំប្រឹងប្រែងអនុវត្តលទ្ធិប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ​ ១៩៩៣មក ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីភាពជាអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យមានសារះប្រយោជន៏ខ្លាំងសំរាប់ការកសាងសង្គមប្រជាធិបតេយ្យមួយដ៏ត្រឹមត្រូវ។ នៅពេលដែលប្រជាពលរដ្ឋ យល់ដឹងច្បាស់ពីលក្ខណះសម្បត្តិរបស់អ្នកដឹកនាំល្អ ចេះសង្កេត កត់សំគាល់តាមរយះពាក្យសំដី ទង្វើ និងការបង្ហាញពីរបៀបធ្វើការ ការព្យាយាមតស៊ូរបស់អ្នកដឹកនាំ ពលរដ្ឋអាចវាយតំលៃបានថា តើក្នុងចំណោមអ្នកនយោបាយខ្មែរដែលប្រកួតប្រជែងគ្នា មួយណាឬក្រុមណាដែលពួកគាត់អាចទុកចិត្តបានដើម្បីផ្តល់សំឡេងគាំទ្រនិងទំនុកចិត្តឲ្យទៅរៀបចំចាត់ចែងដឹកនាំប្រទេសជាតិតាមបែបប្រជាធិបតេយ្យ។ ខាងក្រោមនេះជាលក្ខណៈវិនិច្ឆ័យសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋអាចស្វែងយល់និងកត់សំគាល់ពីភាពជាអ្នកដឹកនាំល្អនៃអ្នកនយោបាយដែលកំពុងប្រកួតប្រជែងនៅក្នុងស្រុកខ្មែរ៖

១. មានសុចរិតភាព៖ យើងអាចកត់សំគាល់បានទៅលើអ្នកនយោបាយណាមួយ ឬក្រុមនយោបាយណាមួយថាមានសុចរិតភាពតាមរយះនៃការស្តាប់ពាក្យសំដី និងសង្កេតពីទង្វើរបស់ពួកគាត់។ អ្នកដែលមានសុចរិតភាពខ្ពស់គឺមានភាពស៊ីសង្វាក់គ្នាខ្លាំងរវាងពាក្យសំដី និងទង្វើរបស់គាត់។  អ្នកដឹកនាំបែបនេះតែងគោរពពាក្យសន្យា និយាយយ៉ាងណាធ្វើយ៉ាងនោះ ចេះទទួលកំហុស មិននិយាយកុហកបោកប្រាស។ ភាសាចាស់បុរាណច្រើននិយាយថា “ហ៊ានថាហ៊ានធ្វើហ៊ានទទួលខុសត្រូវ”។ អ្នកនយោបាយដែលមានសុចរិតភាពខ្ពស់តែងមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ គាត់មិនយកការទុកចិត្តរបស់ប្រជាពលរដ្ឋទៅដោះដូរដើម្បីអំណាចលាបសក្ការះផ្ទាល់ខ្លួនឡើយ។ ពួកគាត់និយាយស្មោះត្រង់ ការពិតជាមួយពលរដ្ឋនូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន។

អ្នកដឹកនាំដែលខ្វះសុចរិតភាព ឬមានសុចរិតភាពទាបចូលចិត្តនិយាយអ្វីដែលទាក់ទាញតែប្រជាប្រិយភាព ទោះបីជាត្រូវកុហកប្រជាពលរដ្ឋក៏ដោយ។ ពួកគាត់ចូលចិត្តធ្វើសេចក្តីសម្រេចចិត្តដើម្បីប្រយាជន៏ផ្ទាល់ខ្លួនជាធំ ហើយថែមទាំងព្យាយាមនិយាយពន្យល់ភូតកុហកនូវទង្វើរបស់ខ្លួន។

២. ជាអ្នកបំរើផ្តល់គំរូនៃការលះបង់៖ អ្នកដឹកនាំល្អតែងមានស្មារតីជាអ្នកបំរើសហការីដែលគាត់ធ្វើការជាមួយ មិនមានអត្តចរិកបែបជាចៅហ្វាយនាយប្រើសហការីតាមអំពើចិត្ត។ គាត់តែងមានចិត្តចង់ជួយអ្នកដ៏ទៃឲ្យសំរេចគោលដៅល្អ។​ ជាពិសេសគាត់តែងផ្តល់គំរូនៃការលះបង់ដូចជាហ៊ានលះបង់អំណាចឬតួនាទីក្រោយការកាន់កាប់តួនាទីក្នុងរយះពេលកំណត់មួយ (មិនធ្វើនាយករដ្ឋមន្រ្តីឬមេបក្សមួយជីវិត)។ មានជាឧទាហរណ៏ដូចជា លោកហ្សក វ៉ាស៊ីនតោន ប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិកបានបង្កើតប្រព័ន្ធដឹកនាំប្រទេសបែបប្រធានាធិបតីដោយបោះឆ្នោតហើយមានអណត្តិ ហើយចាកចេញពីអំណាចបន្ទាប់ពីធ្វើប្រធានាធិបតីបានពីរអណត្តិ បើទោះបីគាត់អាចធ្វើប្រធានាធិបតីមួយជីវិតក៏ដោយ។ ក៏ដូចគ្នាដែរ លោក ណែលសិន ម៉ាន់ដេឡា​ ប្រធានាធិបតីទីមួយបែបប្រជាធិបតេយ្យនៃអាព្រិកខាងត្បូងបានលាឈប់សំរាកបន្ទាប់ពីកាន់តួនាទីបានមួយអណត្តិ។ លោក មហាត្មៈ គន្ធីមិនទទួលយកតំណែងផ្លូវការណាមួយឡើយបន្ទាប់ពីរំដោះប្រទេសឥណ្ឌាចេញពីអាណានិគមអង់គ្លេស បើទោះបីគាត់ជាអ្នកដឹកនាំឈានមុខគេក៏ដោយ។ នេះហើយជាគំរូល្អៗដែលអ្នកនយោបាយខ្មែរត្រូវធ្វើសំរាប់កូនខ្មែរជំនាន់នេះនិងជំនាន់ក្រោយ។

អ្នកដឹកនាំដែលគិតតែប្រយោជន៏ផ្ទាល់ខ្លួននិងក្រុមគ្រួសារ មានភាពអត្មានិយមខ្លាំងបង្ហាញគំរូមិនល្អជាច្រើន ដូចជាការថែរក្សានិងពង្រឹងអំណាច ដណ្តើមអំណាច ដឹកនាំបែបគ្រួសារនិយមនិងបក្សពួកនិយម លក់ទ្រព្យសម្បត្តិជាតិ។

៣. មានទស្សនវិស័យវែងឆ្ងាយ៖ អ្នកដឹកនាំនយោបាយល្អតែងមានការសំឡឹងមើលបានវែងឆ្ងាយពីការអភិវឌ្ឍប្រទេសជាតិ ហើយធ្វើការសម្រេចចិត្តក្នុងទិសដៅវែងឆ្ងាយនោះ។ ពួកគាត់គិតពីការរៀបចំប្រព័ន្ធគ្រប់គ្រងប្រទេសនិងបក្សនយោបាយបែបប្រជាធិបតេយ្យសំរាប់អ្នកជំនាន់ក្រោយ មាននយោបាយអភិវឌ្ឍប្រទេសដែលយកចិត្តទុកដាក់លើចីរភាព ដូចជានយោបាយគ្រប់គ្រងធនធានធម្មជាតិ និងមានការត្រៀមរៀបចំសង្គមសំរាប់អនាគតវែងឆ្ងាយដើម្បីកាត់បន្ថយហានិភ័យជាតិធំៗ ដូចជាភាពវឹកវរ វិបត្តសង្គម បាត់បង់ឯករាជ្យភាពជាតិ ភាពអត់ឃ្លាន និងខ្វះអ្នកបន្តវេន។

អ្នកដឹកនាំដែលគ្មានទស្សនវិស័យវែងឆ្ងាយ យកចិត្តទុកដាក់តែពីការថែរក្សានិងពង្រឹងអំណាច​ឬត្រឹមតែទៅដណ្តើមអំណាចប៉ុណ្ណោះ។ ពួកគាត់ច្រើនធ្វើសេចក្តីសម្រេចចិត្ត រៀបចំប្រព័ន្ធដឹកនាំបក្សនិងរដ្ឋដើម្បីប្រយាជន៏ផ្ទាល់ខ្លួន ក្រុមគ្រួសារនិងបក្សពួក ហើយមិនយកចិត្តទុកដាក់ដល់ការរៀបចំប្រព័ន្ធដើម្បីប្រយាជន៏ជាតិវែងឆ្ងាយទេ។  

៤. ចេះស្តាប់អ្នកដ៏ទៃ៖ អ្នកដឹកនាំនានាៗរួមទាំងអ្នកនយោបាយកាលណាឈរនៅទីតាំងកាន់តែខ្ពស់កាន់តែត្រូវការនូវគំនិតយោបល់ល្អៗពីអ្នកដ៏ទៃ។ អ្នកដឹកនាំល្អគឺជាអ្នកដែលចេះស្តាប់និងប្រមូលយកយោបល់ល្អៗពីពលរដ្ឋ បញ្ញវន្ត និងអ្នកនៅជុំវិញខ្លួនដើម្បីធ្វើសេចក្តីសម្រេចចិត្តត្រូវ មិនមានមានអត្តចរិកគិតថាអញចេះជាងគេឬដឹងជាងគេហើយធ្វើសេចក្តីសម្រេចចិត្តបែបអន្ថោម័តនោះទេ។ ជាពិសេសក្នុងការបំពេញការងារ គាត់ត្រូវចេះគោរពការធ្វើសេចក្តីសម្រេចចិត្តរួមជាក្រុម ដោយមិនធ្វើសេចក្តីសម្រេចចិត្តតែឯកឯងទេ។

អ្នកដឹកនាំមិនល្អមិនចូលចិត្តស្តាប់គំនិតយោបល់អ្នកដ៏ទៃទេ ជាពិសេសគំនិតយោបល់ដែលខុសពីខ្លួនគិត ឬបែបតិទៀន។ ពួកគាត់ចូលចិត្តតែគំនិតយោបល់បែបកោតសរសើរ ហើយចូលចិត្តធ្វើការសម្រេចចិត្តបែបអត្ថនោម័ត ដោយគិតថាគាត់ចេះដឹងជាងគេ។

៥. បណ្តុះអ្នកដឹកនាំឲ្យបានច្រើន៖ អ្នកដឹកនាំនយោបាយល្អតែងមានស្មារតីអប់រំនិង      បណ្តុះមនុស្សជាច្រើនទៀតឲ្យក្លាយជាអ្នកដឹកនាំដើម្បីជួយបំពេញការងារដោយចេះយល់ដឹង ពិចារណា និងធ្វើសេចក្តីសម្រេចចិត្តត្រូវដោយខ្លួនឯង។ ពួកគាត់យកចិត្តទុកដាក់ លើកទឹកចិត្តនិងអភិវឌ្ឍអ្នកនៅក្បែរខ្លួនឲ្យក្លាយជាអ្នកដឹកនាំល្អចេះគិតប្រយោជន៏ជាតិ ប្រជាជនជាធំ ដោយមិនភ័យខ្លាចពីការប្រណាំងប្រជែងដណ្តើមតួនាទីឬកិត្តិនាមពីគាត់ឡើយ។ បន្តែមពីនេះពួកគាត់យកចិត្តទុកដាក់បង្កើតយន្តការបណ្តុះអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិនិងវិស័យផ្សេងៗឲ្យក្លាយជាអ្នកដឹកនាំដ៏ឈ្លាសវៃមិនចាំបាច់រង់ចាំបញ្ជាពីថ្នាក់លើក្នុងការដោះស្រាយបញ្ហានានានៅមូលដ្ឋានឬតាមវិស័យផ្សេងៗឡើយ។ ជាពិសេសបណ្តុះយុវជនឲ្យក្លាយជាអ្នកដឹកនាំល្អ សំរាប់បន្តវេនជាទំពាំងស្នងឫស្សី។

អ្នកដឹកនាំនយោបាយមិនល្អចូលចិត្តនយោបាយប្រជាពិថុត បណ្តុះឲ្យមនុស្សដើរតែតាមគាត់ ចាំតែស្តាប់បញ្ជាពីគាត់ ហើយឲ្យគិតប្រយោជន៏ផ្ទាល់ខ្ឡួនជាធំ។  គាត់ខំប្រឹងតែឲ្យអ្នកដ៏ទៃជួយឲ្យគាត់ល្បីឈ្មោះ ពង្រឹងពង្រីកអំណាចរបស់គាត់ប៉ុណ្ណោះ។

៦. មានទំនុកចិត្តនិងលើកទឹកចិត្តដល់សហការី៖ អ្នកនយោបាយដែលមានភាពជាអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យតែងមានទំនុកចិត្តដល់សហការីល្អៗនៅជុំវិញខ្លួននិងនៅខាងក្រោម (ឧទាហរណ៏ថ្នាក់ឃុំ ស្រុក ខេត្ត) ហើយប្រគល់អំណាចនិងធនធានគ្រប់គ្រាន់ដល់ពួកគេឲ្យបំពេញការងារបំរើប្រជាពលរដ្ឋ។ ពួកគាត់តែងទុកចិត្តនិងលើកទឹកចិត្តដល់អ្នកដែលបំពេញការងារបានល្អប្រសើរហើយផ្តល់ឪកាសអោយសហការីអភិវឌ្ឍខ្លួនកាន់តែ ខ្លាំងថែមទៀតដើម្បីឈានទៅកាន់ការងារកាន់តែធំនិងសំខាន់។

អ្នកដឹកនាំមិនល្អចូលចិត្តប្រមូលផ្តុំអំណាចនិងធនធាននៅតែទីតាំងឬតួនាទីរបស់ខ្លួនទេ ព្រោះមិនទុកចិត្តនិងភ័យខ្លាចអ្នកដ៏ទៃរួមទាំងសហការីខ្លួនផងដណ្តើមអំណាចឬកិត្តិនាម។

៧. ចេះជ្រើសរើសអ្នកមានសមត្ថភាពនិងគុណធម៏៖ អ្នកដឹកនាំល្អបែបប្រជាធិបតេយ្យចេះបង្កើតយន្តការឲ្យមានការជ្រើសរើសអ្នកកាន់ការងារសំខាន់ៗប្រកបដោយយុត្តិធម៏ និងតម្លាភាព ដើម្បីទទួលបានអ្នកដឹកនាំជាច្រើនទៀតដែលមានសមត្ថភាពចំរុះ មានគុណធម៍ មានសុចរិតភាព ហើយចេះបង្កលក្ខណៈឲ្យពួកគេធ្វើការជាមួយគ្នាជាក្រុម។ អ្នកដឹកនាំល្អលើកទឹកចិត្តឲ្យសហការីមានសមត្ថភាពទាំងនោះហ៊ានចេះតិះទៀនថ្នាក់ដឹកនាំបែប       ស្ថាបនា​ ដើម្បីទទួលបានគំនិតល្អៗបន្ថែមទៀត ក៏ដូចជាការកែតំរូវគំនិតខុសឆ្គងទាំង     ឡាយ។

អ្នកដឹកនាំដែលខ្វះចរិកបែបប្រជាធិបតេយ្យ នៅមានគំនិតអញជាធំបែបអភិជន ចូលចិត្តជ្រើសរើសមនុស្សមកធ្វើការជាមួយច្រើនតែសាច់ញ្ញាតិបងប្អូន ឬបក្សពួក ឬអ្នកគ្រាន់តែចេះអែបអបសរសើរខ្លួនប៉ុណ្ណោះ។ អ្នកដឹកនាំរបៀបនេះមិនចូលចិត្តការតិទៀនទោះបីបែបស្ថាបនាក៏ដោយ។

  1. មានភាពក្លាហាន៖ អ្នកដឹកនាំល្អបែបប្រជាធិបតេយ្យតែងមានទឹកចិត្តស្នេហាជាតិនិងប្រជាជនខ្ពស់។​ ដោយសារតែទឹកចិត្តដ៏ល្អប្រពៃនេះហើយទើបពួកគាត់មានការតស៊ូព្យាយាមជំនះឧបសគ្គធំៗដើម្បីសម្រេចគោលដៅដែលជាអត្ថប្រយោជន៏ដ៏ធំរបស់ជាតិ។ ការប្តេជ្ញាចិត្តខ្ពស់ដើម្បីជាតិមាតុភូមិបណ្តាលឲ្យពួកគាត់ហ៊ានដើរឆ្លងសេចក្តីភ័យខ្លាចទាំងឡាយ ពង្រឹងភាពជឿជាក់លើខ្លួននិងមានស្មារតីរឹងមាំក្នុងស្ថានភាពជ្រួលច្របល់ឬតានតឹងខ្លាំង។

អ្នកដឹកនាំដែលខ្វះទឹកចិត្តស្នេហាជាតិខ្ពស់ នៅមានភាពអត្មានិយមខ្លាំង ច្រើនចុះចាញ់ឧបសគ្គធំៗចំពោះមុខ រត់យករួចខ្លួន ហើយទុកឲ្យប្រជាពលរដ្ឋរងទុក្ខនិងអស់សង្ឃឹម។


Leave a comment

ទស្សនទានស្តីអំពីការអភិវឌ្ឍន៍មូលដ្ឋាន

ទស្សនទានស្តីអំពីការអភិវឌ្ឍន៍មូលដ្ឋាន (01/2014)

ការអភិវឌ្ឍន៍ជនបទតាមរយៈការអភិវឌ្ឍន៍ធនធានមនុស្សតាមមូលដ្ឋាន

 

ដោយ៖ បណ្ឌិត យ៉ង សាំងកុមារ

ការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ហាក់ដូចជាមានភាពរីកចំរើនទៅមុខយឺត ឬ កន្លែងខ្លះហាក់ ដូចជាដើរថយក្រោយ ជាពិសេសការមិនរីកចំរើនផ្នែកវិស័យការងារ និងប្រាក់ចំណូលដែល បណ្តាលឲ្យអ្នកពេញកម្លាំងជាច្រើន បានធ្វើចំណាកស្រុក ទៅរកការងារនៅទីក្រុងឬទៅក្រៅ ប្រទេស។ ម្យ៉ាងវិញទៀត អ្នកដែលមកពីជនបទ មិនសូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួត ប្រជែងជាមួយអ្នករស់នៅតាមទីក្រុង។ បញ្ហាសំខាន់បំផុតដែលនាំឲ្យតំបន់ជនបទមិនសូវមានការ រីកចំរើនដោយសារភាពទន់ខ្សោយនៃការអភិវឌ្ឍន៍ធនធានមនុស្សនៅតាមមូលដ្ឋានជាពិសេសការធានាឲ្យកុមារនិងយុវជនមានសុខភាពល្អនិងចំណេះដឹងជាមូលដ្ឋានគ្រឹះដ៏ប្រសើរ។

ធនធានមនុស្សជនបទមិនសូវមានការរីកចំរើនដោយសារកត្តាសំខាន់ៗចំនួន៣ ៖

  • កុមារនិងយុវជននៅតាមជនបទមិនសូវមានឱកាសទទួលបានការអប់រំល្អ
  • ប្រជាពលរដ្ឋនៅតាមជនបទជាពិសេសស្ត្រីនិងកុមារមិនសូវមានឱកាសទទួលបាននូវសេវាសុខាភិបាលល្អ
  • ការខ្វះខាតនូវអាហារូបត្ថម្ភនិងទឹកស្អាតដែលធ្វើឲ្យប៉ះពាល់សុខភាពជាពិសេសសុខ ភាពម្តាយ និងកុមារ។

យោងតាមកត្តាខាងលើនេះ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅជនបទឲ្យកាន់តែប្រសើរយើង ត្រូវធានាឲ្យវិស័យសំខាន់បំផុតចំនួន ៣ មានភាពរីកចំរើន ៖

  • វិស័យអប់រំ៖ យ៉ាងអន់ណាស់ក៏រដ្ឋាភិបាលមូលដ្ឋាន (ក្រុមប្រឹក្សាឃុំ ) ធានាឲ្យមានសេវា អប់រំកម្រិតបឋមសិក្សាបានល្អបំផុតដែលជាមូលដ្ឋានគ្រឹះសំរាប់ការអប់រំនៅកម្រិតលើ បន្ថែមទៀត។ ការអប់រំក៏ត្រូវតែផ្សារភ្ជាប់ជាមួយការអប់រំទាក់ទងសុខភាព អាហារូបត្ថម្ភ កសិកម្ម និងចំណេះដឹងពីមូលដ្ឋាន។
  • វិស័យសុខាភិបាល៖ យ៉ាងអន់ណាស់ ក៏ក្រុមប្រឹក្សាឃុំធានាអោយមណ្ឌលសុខភាព ផ្តល់សេវាសុខាភិបាលល្អបំផុតជូនប្រជាពលរដ្ឋដោយរាប់ទាំងសេវាការពារព្យាបាល និងសេវាពិគ្រោះយោបល់ផ្សេងៗជាពិសេសផ្តោតលើស្ត្រីនិងកុមារ។
  • វិស័យកសិកម្មចំណីអាហារ៖ មានមន្ត្រីកសិកម្មយ៉ាងអន់ណាស់ ១ ឃុំ ១ នាក់ ដើម្បី ជួយអប់រំបណ្តុះបណ្តាលកសិករពីការដាំដុះ និងចិញ្ចឹមសត្វ ជាពិសេសធានាយ៉ាងណា ដើម្បីឲ្យស្ត្រីជាម្តាយនិងកុមារទទួលបានចំណីអាហារប្រកបដោយសុវត្ថិភាពនិងគុណភាព(សំបូរដោយសារធាតុចិញ្ចឹម)។

ដើម្បីអោយវិស័យទាំង៣ខាងលើនេះមានការរីកចំរើនជាប់ជានិច្ច ទាមទារឲ្យមានការ បំពេញលក្ខខណ្ឌសំខាន់ៗទាំង៣ដូចខាងក្រោម ៖

  • ប្រជាពលរដ្ឋគួរអោយតម្លៃលើសារៈសំខាន់នៃការអភិវឌ្ឍន៍ធនធានមនុស្សនិងចូលរួមប្រកបដោយប្រសិទ្ធភាពដើម្បីជំរុញឲ្យវិស័យទាំង៣នេះមានភាពរីកចម្រើន ។
  • ធានាឲ្យមានមេឃុំ ក្រុមប្រឹក្សាឃុំ ដែលមានសមត្ថភាពនិងមានការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំធ្វើលើវិស័យសំខាន់ទាំង៣។
  • រដ្ឋាភិបាលថ្នាក់ជាតិចូលរួមចំណែកនូវថវិកាជាតិឲ្យបានច្រើន និងផ្តល់នូវការគាំទ្រ យ៉ាងពេញទំហឹងលើការអភិវឌ្ឍន៍វិស័យទាំង៣ នេះ។

ជារួមប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានតួនាទីយ៉ាងសំខាន់ និងមានសិទ្ធិអំណាចគ្រប់ គ្រាន់ដើម្បីចូលរួមចំណែកធ្វើឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្សតាមមូលដ្ឋានប្រសើរឡើង ដើម្បី ឲ្យភូមិឃុំយើងមានអនាគតល្អប្រសើរ។


Leave a comment

សមាគមសន្សំប្រាក់មិត្តជួយមិត្ត

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ យើងខ្ញុំបានចូលរួមសមាជខួប៥ឆ្នាំ របស់សមាគមសន្សំ ប្រាក់មិត្តជួយមិត្ត របស់យុវជនកម្ពុជា។ យើងខ្ញុំមានការចាប់អារម្មណ៍លើការវិវត្តន៍របស់ សមាគម សន្សំនេះ ជាពិសេសកំណើននៃការចូលរួមរបស់យុវជនសន្សំរួមគ្នា សមត្ថភាពរបស់ក្រុមយុវជន ក្នុងការដឹកនាំគ្រប់គ្រងសមាគមសន្សំ និងផលប្រយោជន៍ដែលសមាជិកទទួលបានពី សមាគមសន្សំ។ ឧទាហរណ៍ នៅពេលចាប់ផ្តើមតំបូងខែវិច្ឆិកា ឆ្នាំ២០០៩ មានសមាជិកចំនួន ១០នាក់ មានទុនសន្សំ ចំនួន ២០០ ដុល្លាអាមេរិក តែបច្ចុប្បន្នសមាជិកកើនឡើងបានចំនួន១៤០នាក់ ទុនសន្សំសរុបមាន ចំនួន ១១៦ ៤៣៥ ដុល្លាអាមេរិក។ ទន្ទឹមនឹងនេះ សមាគមកំពុងអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ ផ្ទៃក្នុងស្ថាប័នដូចជា ការចូលរួមរបស់សមាជិកក្នុងការបោះឆ្នោតជ្រើសរើស អ្នកដឹកនាំប្រកបដោយសេរី និងយុត្តិធម៌ រៀបចំលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោលការណ៍ផ្សេងៗរបស់សមាគម។ សមាជិកក៏ បានចូលរួមប្រជុំជារៀងរាល់ខែដើម្បីពិភាក្សារៀនសូត្រពីគ្នាទៅវិញទៅមកពីអ្នកជំនាញផ្សេងៗក៏ដូចជា ពិភាក្សាពីបញ្ហា ក្នុងសង្គមរួមមានការកែទម្រង់វិស័យអប់រំ ស្ថានភាពនយោបាយរបស់ប្រទេស ។ល។ សមាជិកជាយុវជនក៏ទទួលបានប្រាក់កម្ចីដើម្បី ជួយដល់ការសិក្សា ជួយសម្រួលដល់ជីវភាពដូចជាទិញ សម្ភារៈប្រើប្រាស់ផ្សេងៗមាន ម៉ូតូ ទូរស័ព្ទ កុំព្យូទ័រ ។ល។ អ្វីដែលសំខាន់បំផុតទៀតនោះគឺ យុវជន ដែលភាគច្រើនជានិស្សិត ឬអ្នកដែលទើបបញ្ចប់ការសិក្សាបានរៀនសូត្របន្ថែមពី របៀបរៀបចំ និង គ្រប់គ្រងសមាគមសន្សំប្រាក់ដោយម្ចាស់ការខ្លួនឯង។

ជារួមអ្វីដែលក្រុមយុវជនបានហាត់និងរៀនសូត្រតាមរយៈការចូលរួមជាមួយសមាគមសន្សំ ប្រាក់នេះគឺពិបាកនឹងស្វែងរក រៀនបាននៅតាមមហាវិទ្យាល័យឬសាលាចំណេះដឹងទូទៅណាស់។ ភាពជោគជ័យរបស់សមាគមសន្សំប្រាក់មិត្តជួយមិត្តគឺ ផ្តល់ជាឧទាហរណ៍មួយដ៏សំខាន់ក្នុងការអភិ-វឌ្ឍន៍ធនធានមនុស្ស ធនធានសង្គម និងធនធានហិរញ្ញវត្ថុ។ ហេតុនេះយើងខ្ញុំនឹង ធ្វើការគាំទ្រឲ្យបាន ច្រើនថែមទៀតដើម្បីសមាគមសន្សំពង្រីកសមាជិកឲ្យបានច្រើន ក៏ដូចជាជួយបង្កើតសមាគមសន្សំ បន្ថែមទៀត ដើម្បីឲ្យយុវជនជាច្រើនទៀត ទទួលផលប្រយោជន៍ពីការងារនេះ។ គួរបញ្ជាក់ផងដែរថា សមាគមសន្សំប្រាក់យុវជនដែល កើតចេញពីសមាគមសន្សំប្រាក់មិត្តជួយមិត្ត បានចងគ្នាជាសហព័ន្ធ ដែលមានចំនួន៦សមាគមសន្សំ ជាសមាជិកដែលមាន សមាជិកជាបុគ្គលចំនួនជាង ៤០០នាក់ ទុន សន្សំសរុបមានចំនួនជាង៤០ម៉ឺនដុល្លាអាមេរិក។ លើសនេះទៀត យើងខ្ញុំនឹងធ្វើការគាំទ្រដល់ សមាគមសន្សំ ប្រាក់មិត្តជួយមិត្ត ដើម្បីជួយពង្រីកការងារនេះដល់កម្មករខ្មែរថែមទៀត ជាពិសេស ជួយដោះស្រាយ បញ្ហាដែលពួកគាត់កំពុងជួបប្រទះការជំពាក់បំណុលគេដែលមានអត្រាការប្រាក់ខ្ពស់ (ភាគច្រើនលើស ពី៥%ក្នុង១ខែ) និងខ្វះខាតនូវយន្តការសម្រាប់ជួយគ្នាទៅវិញទៅមក។ ការគាំទ្រឲ្យ មានសមាគមសន្សំប្រាក់ក្នុងចំណោម ប្រជាកសិករតាមរយៈអង្គការសេដាកក្នុងរយៈពេល ១៧ ឆ្នាំកន្លង មក ក៏ដូចជាសមាគមសន្សំប្រាក់ក្នុងចំណោមយុវជន (ហើយក្នុងថ្ងៃខាងមុខអាចជួយគាំទ្រកិច្ចការនេះ ក្នុងចំណោម កម្មករ និងអាជីវករ ខ្នាតតូច) ពិតជាបានចូលរួមចំណែក យ៉ាងច្រើនក្នុងការកសាង ធនធានមនុស្ស ធនធានសង្គម និងធនធានហិរញ្ញវត្ថុដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវ- ឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានសន្តិភាព ប្រជាធិបតេយ្យ និងភាពរីកចម្រើនជានិរន្តរ៍។

ប្រសិនបើយើងរួបរួមគ្នាធ្វើអ្វីដែលអាចធ្វើបាន

យើងនឹងទទួលបាននូវអ្វីដែលយើងចង់បាន។


Leave a comment

លក្ខណៈវិនិច្ឆ័យនៃអ្នកដឹកនាំដែលមានភាពជាអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យ

 

លក្ខណៈវិនិច្ឆ័យនៃអ្នកដឹកនាំដែលមានភាពជាអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យ

  

តាំងពីឆ្នាំ ១៩៩៣ ប្រជាពលរដ្ឋកម្ពុជាបានរួមគ្នាកសាងសង្គមប្រជាធិបតេយ្យ។ ក្នុងដំណើរការកសាងសង្គមប្រជាធិបតេយ្យ យើងត្រូវការអ្នកដឹកនាំដែលមានភាពជាអ្នកដឹកនាំល្អតាមបែបប្រជាធិបតេយ្យ។ ដើម្បីជាជំនួយដល់ប្រជាពលរដ្ឋក្នុងការ វិនិច្ឆ័យទៅលើគុណសម្បតិ្តអ្នកដឹកនាំ បណ្តាញខ្មែរដើម្បីខ្មែរបានពង្រាងនូវលក្ខណៈវិនិច្ឆ័យ ឬសូចនាករដូចដែល បានរៀបរាប់ ដូចខាងក្រោមនេះ៖

 លក្ខណៈវិនិច្ឆ័យ/សូចនាករ

 ១. មានសុចរិតភាព៖ អ្នកដឹកនាំដែលគោរពពាក្យសន្យា និយាយយ៉ាងណាធ្វើយ៉ាងនោះ ចេះទទួលកំហុស មិននិយាយកុហកបោកប្រាស (ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ) និងមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ

២. ជាអ្នកបម្រើផ្តល់ជាគម្រូល្អៗដល់អ្នកដទៃ៖  បំពេញការងារជាអ្នកបម្រើពលរដ្ឋ មិនមែនតាំងខ្លួនជាចៅហ្វាយនាយ ឬអ្នកមានគុណ ហើយហ៊ានលះបង់អំណាចឬតួនាទីក្រោយ ការកាន់កាប់តួនាទីក្នុងរយៈពេលកំណត់មួយ (មិនធ្វើនាយករដ្ឋមន្រ្តីឬមេបក្សមួយជីវិត)

៣. មានទស្សនវិស័យវែងឆ្ងាយ៖  មានគោលដៅនិងយុទ្ធសាស្រ្តអភិវឌ្ឍជាតិវែងឆ្ងាយ ដើម្បីជាប្រយាជន៍រួម និងសម្រាប់ក្មេងជំនាន់ក្រោយ មិនមែនគិតតែថែរក្សានិងពង្រឹងអំណាចខ្លួនឯង ឬគ្រាន់គិតតែត្រឹមទៅដណ្តើម អំណាចពីអ្នកដទៃ

៤. ចេះស្តាប់អ្នកដទៃ៖ ចេះស្តាប់និងប្រមូលយកយោបល់ល្អៗពីពលរដ្ឋ បញ្ញវន្ត និងអ្នកនៅជុំវិញខ្លួន ដើម្បីធ្វើសេចក្តីសម្រេចចិត្តត្រូវ មិនមានមានចរិតគិតថាខ្លួនជាអ្នកចេះដឹងជាងគេ ហើយធ្វើសេចក្តីសម្រេចចិត្តបែប អត្តនោម័តនោះទេ។ ចេះគោរពការធ្វើសេចក្តីសម្រេចចិត្តរួមជាក្រុម

៥. បណ្តុះអ្នកដឹកនាំឲ្យបានច្រើន៖  មិនមែនយកចិត្តទុកដាក់បង្កើតតែអ្នកដើរតាមទេ ប៉ុន្តែ បណ្តុះអ្នកដឹកនាំ ជាច្រើនទៀតសម្រាប់បំពេញការងារបម្រើជាតិនិងប្រជាជនដោយឈ្លាសវៃ មិនចាំបាច់ រង់ចាំបញ្ជាពីថ្នាក់លើក្នុងការ ដោះស្រាយបញ្ហានានានៅមូលដ្ឋានឬតាមវិស័យផ្សេងៗ។​ ជាពិសេស បណ្តុះ និងផ្តល់ឱកាសយុវជនទូទៅឲ្យក្លាយ ជាអ្នកដឹកនាំល្អ សម្រាប់បន្តវេន (ទំពាំងស្នងឫស្សី)

. មានទំនុកចិត្តនិងលើកទឹកចិត្តដល់សហការី៖ ប្រគល់អំណាចនិងធនធានដល់ក្រុមការងារនិងសហការីនៅខាងក្រោម (ឧទាហរណ៍ថ្នាក់ឃុំ ស្រុក ខេត្ត) មិនមែនប្រមូលផ្តុំអំណាចនិងធនធាននៅក្នុងកណ្តាប់ដៃរបស់ខ្លួន និងក្រុមរបស់ខ្លួននៅ ថ្នាក់លើ។ ផ្តល់ការទុកចិត្តនិងលើកទឹកចិត្តផ្តល់ជូនដល់អ្នកដែលបំពេញការងារបានល្អប្រសើរ

៧.​ ចេះជ្រើសរើសអ្នកមានសមត្ថភាពនិងគុណធម៌ បង្កើតយន្តការឲ្យមានការជ្រើសរើសអ្នកកាន់ការងារសំខាន់ៗ ប្រកបដោយយុត្តិធម៌ ដើម្បីទទួលបាន អ្នកដឹកនាំជាច្រើនសម្បូរដោយសមត្ថភាពចំរុះ ហើយហ៊ានចេះតិះទៀនមេ បែបស្ថាបនា មិនមែនជ្រើសរើសចេញពីសាច់ញ្ញាតិបងប្អូន ឬបក្សពួក ឬអ្នកគ្រាន់តែចេះអែបអបសរសើរមេនោះទេ។

៨. មានភាពក្លាហាន៖ មានការតស៊ូព្យាយាមជំនះឧបសគ្គធំៗដើម្បីសម្រេចគោលដៅ បង្ហាញភាពជឿជាក់លើខ្លួន និងមានស្មារតីរឹងមាំក្នុងស្ថានភាពជ្រួលច្របល់ឬតានតឹងខ្លាំង ហើយរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។